វីតាល់ ​និង​មី​ជាតិ​ ​បន្ត​ផ្តល់​អំណោយ​ភាព​កក់ក្តៅ​ ​ជូន​ប្រជាជន​ក្រីក្រ​ ​និង​ចាស់ជរា​ ​និង​លោកតា​ស៊ីក្លូ​ ​ក្នុង​ឆ្នាំ​ទី​៦​

ក្នុង​ចេតនា​ចូលរួម​សម្រួល​ទៅដល់​ស្ថានភាព​លំបាក​ ​របស់​លោកតា​ស៊ីក្លូ​ ​ជន​ចាស់ជរា​ដែល​មាន​ជីវភាព​ ​ខ្សត់ខ្សោយ​ក្នុង​រាជធានី​ភ្នំពេញ​ ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ​និង​មី​ជាតិ​ ​បាន​សហ​ការរៀបចំ​កម្មវិធី​ “​ចែករំលែក​ភាព​កក់ក្តៅ​លើក​ទី​៦​” ​នា​ព្រឹក​ថ្ងៃ​ទី​១​៩​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​នៅ​បរិវេណ​សួនច្បារ​វត្ត​បទុម​វ​ត្តី ​ក្នុង​ខណ្ឌ​ដូនពេញ​ ​ដើម្បី​ចែក​អំណោយ​ជា​គ្រឿងឧបភោគបរិភោគ​ ​ស​ម្ភារៈ​ប្រើប្រាស់​ ​ថ្នាំសង្កូវ​ ​និង​ថវិកា​មួយ​ចំនួន​ ​ជូន​លោកតា​លោកយាយ​ ​ចាស់ជរា​ ​និង​ប្រជាជន​មាន​ជីវភាព​ខ្សត់ខ្សោយ​ប្រមាណ​ជិត​ ​៣​០​០​នាក់​ ​ក្នុង​រាជធានី​ភ្នំពេញ​។​

​កម្មវិធី​សប្បុរស​ធម៌​នេះ​ ​បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ ​លោកជំទាវ​ ​ជឹង​ ​សុគន្ធា​វី​ ​អគ្គ​នាយិកា​នៃ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ​និង​ផលិតផល​មី​ជាតិ​ ​ព្រមទាំង​មាន​ការចូលរួម​ពីសំណាក់​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​ ​អាជ្ញាធរ​មូលដ្ឋាន​ ​ប្រជាពលរដ្ឋ​ ​យុវជន​ស្ម័គ្រចិត្ត​ ​និង​ក្រុម​ការងារ​ជាច្រើន​នាក់​។​

​លោកជំទាវ​ ​អគ្គ​នាយិកា​នៃ​ក្រុមហ៊ុន​ ​បាន​មានប្រសាសន៍ថា​ “​ព្រឹត្តិការណ៍​សប្បុរស​ធ​ម៍ ​ប្រចាំ​ឆ្នាំនេះ​ ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយមាន​គោលបំណង​ ​និង​គុណ​តម្លៃ​យ៉ាង​ច្បាស់លាស់​ ​ក្នុង​ការផ្សាយ​មេត្តា​ចិត្ត​ ​ជាមួយ​គោលការណ៍​ស្រលាញ់​រាប់អាន​ ​ផ្តល់​អធ្យាស្រ័យ​ ​និង​គោរព​គ្នា​ដោយស្មោះស្ម័គ្រ​ ​ក្នុងនាម​ជា​មនុស្សជាតិ​តែមួយ​ ​តាមរយៈ​ការ​ចែករំលែក​នូវ​ស្បៀងអាហារ​ ​ថវិកា​ ​ថ្នាំសង្កូវ​ ​ជូន​ដល់​លោកតា​ ​លោកយាយ​ ​លោកពូ​ ​អ្នកមីង​ ​បង​ៗ​ ​អ្នក​ខ្សត់ខ្សោយ​ ​ខ្វះខាត​ ​ដែល​ជួបប្រទះ​ការលំបាក​ ​។​

​បន្ថែម​ពី​នេះ​ ​លោកជំទាវ​ ​អគ្គ​នាយិកា​ ​បាន​បន្ត​ថា​ “​ស្ថានភាព​កូ​វី​ដ​១​៩​ ​មានសភាពល្អ​ប្រសើរ​ ​ប៉ុន្តែ​វា​នៅ​ជា​ការលំបាក​សម្រាប់​ជន​ចាស់ជរា​ ​និង​ប្រជាជន​មួយ​ចំនួន​ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ​។​ ​អាស្រ័យហេតុ​ដូចនេះ​ ​វី​តា​ល់ ​និង​មី​ជាតិ​ ​នៅតែ​បន្ត​រៀបចំ​កម្មវិធី​នេះ​ឡើង​ដោយ​សង្ឃឹម​ថា​ ​នឹង​អាច​ចូល​រួមចំណែក​ ​សម្រួល​នូវ​ការលំបាក​មួយ​ចំនួន​ ​និង​ផ្តល់​ភាព​កក់ក្តៅ​ជូន​ដល់​លោកតា​ ​លោកយាយ​ ​និង​ប្រជាជន​ដែល​ជួប​ការលំបាក​។​”

​ចំពោះ​អំណោយ​ ​ដែល​ក្រុមហ៊ុន​បាន​ចែក​ជូន​នា​ថ្ងៃនេះ​រួម​មាន​ ​អង្ករ​ ​ទឹក​ពិសា​វី​តា​ល់ ​មី​ជាតិ​ ​ត្រីខ​ ​អាវ​ ​ក្រមា​ ​ថ្នាំសង្កូវ​ ​និង​ថវិកា​មួយ​ចំនួន​ផង​ដែរ​។​ ​ចាស់ជរា​ ​និង​ប្រជាជន​ ​ដែល​ចូលរួម​ឱកាស​នោះ​ ​ភាគច្រើន​ប្រកបរបរ​តិចតួច​ ​ដើម្បី​ជីវភាព​ប្រចាំថ្ងៃ​ ​តួយ៉ាង​ធាក់ស៊ីក្លូ​ ​លក់​អំបោស​ ​សំលៀងកាំបិត​ ​ឬ​កាន់​ជញ្ជីង​ថ្លឹង​គីឡូ​ជាដើម​។​

​គួរ​បញ្ជាក់​ផង​ដែរ​ ​កម្មវិធី​សប្បុរស​ធម៌​ “​ចែករំលែក​ផ្តល់​ភាព​កក់ក្តៅ​” ​ត្រូវ​បាន​ផ្តួចផ្តើម​ ​និង​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់​តាំងពី​ឆ្នាំ​២​០​១​៦​ ​មក​ម៉្លេះ ​ហើយ​មកដល់​សព្វថ្ងៃនេះ​ ​គឺ​មាន​រយៈពេល​៦​ឆ្នាំ​។​ ​ចំពោះ​ក្រុមហ៊ុន​មី​ជាតិ​ ​នេះ​ក៏​ជា​ឆ្នាំ​ទី​៣​ ​ដែល​ក្រុមហ៊ុន​មី​ជាតិ​ ​បាន​ចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុន​វី​តា​ល់​ក្នុង​ការរៀបចំ​កម្មវិធី​នេះ​ឡើង​។​ ​ក្រុមហ៊ុន​ទាំងពីរ​ ​ប្តេជ្ញា​បន្ត​សកម្មភាព​របស់​ខ្លួន​នៅ​ក្នុង​ការងារ​សប្បុរស​ធម៌​ ​ក្នុង​បុព្វហេតុ​ជួយ​ដល់​សង្គម​លើ​គ្រប់​វិ​ស័យ​ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ត​ទៅទៀត​ ​ដើម្បី​សង្គមជាតិ​យើង​ទាំងអស់គ្នា​ ​ក្នុងស្មារតី​ ​ខ្មែរ​តែមួយ​ជួយគ្នា​ក្នុង​គ្រា​លំបាក​៕​