មីជាតិចែករំលែកសម្ភារការពារសុវត្ថិភាព និងស្បៀងអាហារជូននិស្សិតស្នាក់នៅរាជធានីភ្នំពេ

ក្រុមហ៊ុនមីជាតិ បានរៀបចំកម្មវិធីចែករំលែកកញ្ចប់សម្ភារការពារសុវត្ថិភាព និងស្បៀងអាហារចាំបាច់ ជូនដល់និស្សិតខ្វះខាតដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីរបស់ក្រសួងអប់រំ យុវជន និងកីឡា ចំនួន 194នាក់ នៅល្ងាចថ្ងៃទី04 ខែឧសភា នេះ។

ក្នុងស្មារតីខ្មែរដើម្បីខ្មែរ មីជាតិតែងតែបន្តនូវបេសកកម្មជួយគ្នាទៅវិញទៅមក មិនថានៅក្នុងកាលៈទេសៈលំបាកណាក៏ដោយ។ តួយ៉ាងសកម្មភាពសប្បុរសធម៌នៅថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណងចែកជូននូវសម្ភារការពារសុវត្ថិភាព និងគ្រឿងឧបភោគបរិភោគដែលចាំបាច់បំផុត សម្រាប់ការប្រើប្រាស់ និងទទួលទានប្រចាំថ្ងៃ សំដៅចូលរួមជួយកាត់បន្ថយការលំបាករបស់និស្សិតកម្ពុជា ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-19 នេះ។

ស្ថិតក្នុងឱកាសនេះដែរ លោក ជា ម៉េងគួង តំណាងនាយកដ្ឋានទីផ្សារ នៃក្រុមហ៊ុនមីជាតិ បានមានប្រសាសន៍ថា “នៅក្នុងស្ថានភាពដ៏តានតឹងនៃជំងឺកូវីដ១៩ យើងដឹងថាបងប្អូននិស្សិតនៅទីនេះពិតជាលំបាកក្នុងការចេញចូលទៅទិញរបស់របរប្រើប្រាស់ និងម្ហូបអាហារប្រចាំថ្ងៃ ដោយទាំងអស់គ្នាព្រួយបារម្ភ និងកំពុងជួបការលំបាកខ្លាំងដល់ផ្នែកជីវភាព និងសុខមាលភាពរបស់ពួកគាត់ និងមិត្តភក្តិរួមបន្ទប់ទៀតផង’’។

លោកបានបន្តថា “ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកដែលតែងតែយកចិត្តទុកដាក់ជានិច្ចលើសកម្មភាពសប្បុរសធម៌ និងគាំទ្រយ៉ាងសកម្មដល់កិច្ចការសហគមន៍ទូទៅ មីជាតិរៀបចំកម្មវិធីនេះឡើង ជាមួយនឹងការរក្សាគម្លាតបានយ៉ាងល្អប្រសើរ ដោយក្រុមហ៊ុនសង្ឃឹមថា អំណោយថ្ងៃនេះ នឹងអាចជាផ្នែកមួយនៃការចូលរួមចំណែកផ្តល់សុវត្ថិភាពប្រចាំថ្ងៃ ហើយក្រុមហ៊ុនក៏សូមអំពាវនាវ និងលើកទឹកចិត្តឱ្យបងប្អូននិស្សិតទាំងអស់ មេត្តាចូលរួមបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣ កុំ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន មិត្តភក្តិ ក្រុមគ្រួសារ និងសហគមន៍ទាំងមូល”។

គួរបញ្ជាក់ផងដែរ ចំពោះអំណោយដែលមីជាតិបានចែកជូនរួមមានដូចជា អង្ករ ទឹកពិសាវីតាល់ មីជាតិ និងកញ្ចប់អំណោយជាសម្ភារការពារសុវត្ថិភាព ក្នុងម្នាក់មួយឈុត ដែលក្នុងនោះមាន ដូចជាម៉ាស់ និងអាល់កុលបាញ់សម្លាប់មេរោគជាដើម។

មីជាតិ ជាក្រុមហ៊ុនក្នុងស្រុកដែលទទួលការគាំទ្រ ពីសំណាក់ប្រជាជនកម្ពុជាចំពោះការងារសប្បុរសធម៍និងសង្គម តាំងពីការបង្តើតដំបូងមក។