មីជាតិ បរិច្ចាគមី១០០កេស ជូនប្រជាជនក្រីក្រនៅកោះសូទិន

កំពង់ចាម​៖ មី​ជាតិ​ បាន​ចូលរួម​បរិច្ចាគ​ មី​ចំនួន១០០កេស​ ជូន​ប្រជាជន​ក្រីក្រ១០០គ្រួសារ​ នៅ​ស្រុក​កោះសូទិន​ ខេត្ត​កំពង់ចាម​ កាលពី​ថ្ងៃទី​ ១២​ ខែមករា​ ឆ្នាំ២០២០​ ដោយ​សហការ​ជាមួយ​អង្គការ​មូលនិធិ​គាំទ្រ​កម្ពុជា​ និង​អជ្ញា​ធរ​មូលដ្ឋាន​។

កម្មវិធី​សប្បុរសធម៌​នេះ​ ត្រូវ​បាន​រៀបចំឡើង​ក្នុង​បរិវេណ​សាលាបឋមសិក្សា​កណ្តាល​កោះ​ត្បូង​ ក្នុង​ស្រុក​កោះសូទិន​។

លោក​ វ៉េ​ង រចនា​ តំណាង​ក្រុមហ៊ុន​ ផលិតផល​ មី​ជាតិ​ បាន​ឲ្យដឹង​ថា​ «ការចូលរួម​របស់​មី​ជាតិ​ ក្នុងថ្ងៃនេះ​ កើត​ចេញពី​ ក្តី​អាណិត​ស្រលាញ់​ និង​ចង់​ចូលរួម​ សម្រួល​ដល់​ជីវភាព​ប្រជាជន​កម្ពុជា​ដែល​មាន​ជីវភាព​ខ្វះខាត​ ហើយ​ការចូលរួម​នេះ​ ក៏​សរ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ថ្មី​របស់​មី​ជាតិ​ ក្នុង​សកម្មភាព​សង្គម​ ពិសេស​កម្មវិធី​សប្បុរសធម៌​ជាមួយ​ប្រជាជន​ខ្មែរយើង​។»

លោក​បន្ត​ថា​ «ក្នុងនាម​ជា​ជាតិសាសន៍​ដូចគ្នា​ យើង​ត្រូវ​ចេះ​ជួយគ្នា​។ បើ​ប្រជាជន​ខ្មែរ​បន្ត​គាំទ្រ​មី​ជាតិ​ ដែល​ជា​ស្មា​ដៃ​ខែ្មរ​ មី​ជាតិ​នឹង​បន្ត​ជួយ​សង្គម​ និង​ប្រជាជន​ខ្មែរយើង​វិញ​ ដូច្នេះ​ សូម​ប្រជាជន​ខ្មែរយើង​បន្ត​គាំទ្រ​មី​ជាតិ​ ដើម្បីឲ្យ​មី​ជាតិ​ មានលទ្ធភាព​បន្ត​ជួយ​លើកស្ទួយ​សង្គម​កម្ពុជា​យើង​បន្ត​ទៀត​។»

អ្នកតំណាង​ ក្រុមហ៊ុន​ផលិតផល​មី​ជាតិ​ ក៏បាន​អំពាវ​ដល់​សាធារណជន​ យុវជន​ប្រុសស្រី​ និង​ក្រុមហ៊ុន​ឯកជន​នានា​ផ្សេងទៀត​រួមគ្នា​បង្កើត​ និង​ចូលរួម​ក្នុង​សកម្មភាព​សប្បុរសធម៌​ជួយ​សង្គម​ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ត​ទៅទៀត​។

នេះ​មិនមែន​ជា​លើក​ទី១​ ទេ​ ដែល​មី​ជាតិ​ចូលរួម​ក្នុង​សកម្មភាព​សប្បុរសធម៌​។ កាលពី​ចុងខែ​ធ្នូ​ ឆ្នាំ២០១៩​ មី​ជាតិ​ ក៏បាន​សហការ​ជាមួយ​វី​តាល់​ រៀបចំ​កម្មវិធី​ ផ្តល់​អំណោយ​ជា​ អាវ​ ភួយ​ ថ្នាំសង្កូវ​ គ្រឿង​ឧបភោគ​ បរិភោគ​ និង​ថវិកា​មួយចំនួន​ជូន​ដល់​ប្រជាជន​ខ្វះខាត​ប្រមាណ​ ៣០០នាក់​ ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ មី​ជាតិ​ ជា​ផលិតផល​មី​កញ្ចប់​របស់​ខ្មែរ​ ដែល​មាន​រសជាតិ​បែប​ខ្មែរ​ ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា​ និង​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ប្រើប្រាស់​ ម៉ាស៊ីន​ជប៉ុន​ និង​បច្ចេកវិទ្យា​ជប៉ុន​ ដើម្បី​ធានា​ឲ្យបាន​ គុណភាព​ខ្ពស់​ស្របតាម​បទដ្ឋាន​អន្តរជាតិ​។ មី​ជាតិ​មាន​បី​រសជាតិ​ គឺ​សាច់​ជ្រូក​ចិញ្ច្រាំ​ ស៊ុប​មាន់​ និង​ខគោ​។ ​;