មីជាតិ ពង្រីកវិសាលភាពចែកចាយកាន់តែក្បែរអ្នក

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ បុគ្គលិកផ្នែកលក់ និងថ្នាក់ដឹកនាំ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) បានចេញយុទ្ធនាការ “មីជាតិ វិសាលភាពចែកចាយកាន់តែក្បែរអ្នក” ទៅលើទីផ្សារហើយនៅថ្ងៃនេះ ដោយចាប់ផ្តើមពីរាជធានីភ្នំពេញ ជាជំហានដំបូងជាមួយការបន្ថែមនូវលទ្ធភាពនៃការចែកចាយ ជូនអតិថិជន និងដៃគូអាជីវកម្ម ដើម្បីធានាដល់ការផ្តល់ជូនសេវាកាន់តែជិត និងរហ័ស ដើម្បីជាការឆ្លើយតបនឹងតម្រូវការជាវមានចំនួនកើនឡើង ។
លោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) មានប្រាសាសន៍ថា «យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងផ្តល់ភាពងាយស្រួល និងសេវាកាន់តែខិតជិត ដល់អ្នកប្រើប្រាស់ផ្ទាល់ដែលជាអតិថិជន ព្រមជាមួយដៃគូអាជីវកម្ម ក្នុងលទ្ធភាពងាយស្រួលរកជាវ មីជាតិ បានគ្រប់ទីកន្លែង» ។
លោកបន្តទៀតថា «ក្រុមការងារមីជាតិ ក៏បាននឹងកំពុងធ្វើការបំពាក់បន្ថែមនូវលទ្ធភាពដឹកជញ្ចូន និងក្រុមការងារ ដើម្បីពន្លឿនប្រសិទ្ធភាពនៃការចែកចាយឲ្យកាន់តែក្បែរអតិថិជន និងដៃគូអាជីវកម្មរបស់យើង នៅតាមខេត្តក្រុងផ្សេងទៀតផងដែរ » ។
លោក សោមនស្ស វិបុល ប្រធាន ផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) បានបង្ហើបពីលទ្ធផលនៃចំនួនលក់មានការកើនឡើងជាលំដាប់គួរឲ្យកត់សំគាល់នារយៈពេលចុងក្រោយនេះ ដែលនេះសបញ្ជាក់ពីតម្រូវការកើនឡើង និងប្រជាប្រិយភាពនៃមីជាតិកាន់តែមានភាពប្រសើរមួយកម្រិតថែមទៀត ហើយនេះជាមូលបទជម្រុញរយៈពេលក្រុមហ៊ុនត្រូវបន្ថែមពង្រឹងសមត្ថភាព និងលទ្ធភាព ចែកចាយ ក្នុងបុព្វហេតុជម្រុញការចែកចាយ ឱ្យកាន់តែលឿន និងខិតជិតក្បែរអ្នកប្រើប្រាស់ ។ លើសពីនេះទៅទៀត មីជាតិត្រូវបានទទួលការពេញនិយមកាន់តែច្រើនឡើងពីសំណាក់អតិថិជន ទាំងរសជាតិ គុណភាព និងទាំងសោភ័ណភាពទៀតផង ។
លោកបន្ថែមទៀតថា «ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងអស់ សូមបន្តចូលរួមគាំទ្រ ផលិតផលស្នាដៃខ្មែរ ដើម្បីចូលរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាគាំទ្រផលិតផលក្នុងស្រុក ដែលមានគុណភាពខ្ពស់ និងទទួលស្គាល់ដោយស្ថាប័នជាតិ និងអន្តរជាតិ ។ ដូច្នេះ ដើម្បីការរីកចម្រើនរបស់ខ្មែរ ដើម្បីកូនចៅជំនាន់ក្រោយៗ និងដើម្បីមោទនភាពកិត្តិយសរបស់ខ្មែរ យើងជាកូនខ្មែរគួរគាំទ្រ និងរួមគ្នាលើកកម្ពស់ផលិតផលខ្មែរនៅលើទីផ្សារ ។ យើងរួមគ្នាដើម្បីវឌ្ឍនភាពរបស់កម្ពុជា។ មីជាតិ ញ៉ាំម៉េចក៏ជាតិដែរ ៕