មីជាតិ មីកញ្ចប់ខ្មែរដំបូងគេ ដែលទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ ពីចក្រភពអង់គ្លេស

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) បានរៀបចំកម្មវិធី អបអរសាទរ វឌ្ឍនភាពថ្មី មីជាតិ មីកញ្ចប់ខ្មែរដំបូងគេ ដែលទទួលបាន វិញ្ញាបនបត្រស្តង់ដារអន្តរជាតិ ពីចក្រភពអង់គ្លេស ដោយបានរៀបចំឡើងនៅបរិវេនរោងចក្រ ក្នុងមូលដ្ឋាន សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ កម្មវិធីនេះបានរៀងចំឡើង យ៉ាងឱឡារិក ដោយមានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវ អ៊ឹម ប៉ូលីកា សមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន ប្រធានពាណិជ្ជកម្ម និងជាអ្នកតំណាងជាន់ខ្ពស់របស់ស្ថាប័នវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ SGS និងវត្តមាន ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) ភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិ និងដៃគូសហការអាជីវកម្ម។

លោក គ្រីសន ណុនតាវារ៉ា កនគុល ប្រធានពាណិជ្ជកម្ម និងជាអ្នកតំណាងជាន់ខ្ពស់ នៃស្ថាប័នវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ SGS បានថ្លែងថា៖ ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង គឺជាក្រុមហ៊ុនផលិត មីកញ្ចប់ឆ្អិនស្រាប់ទីមួយនៅប្រទេសកម្ពុជា ដែលបានអនុវត្តតាមបទដ្ឋានចំណីអាហារអន្តរជាតិ រហូតទទួលបានការធ្វើសវនកម្មខាងក្នុង និងខាងក្រៅ ជាប់ជាស្ថាពរ និងទទួលបានវិញ្ញាបនបត្របញ្ជាក់ GHPs, HACCP និង ISO 9001:2015 ទទួលស្គាល់ពីស្ថាប័ន SGS និង UKAS ។ លោក បានបន្តទៀតថា ការទទួលស្គាល់នេះនឹងធ្វើឲ្យដៃគូអាជីវកម្ម អ្នកប្រើប្រាស់ និងពិសាផលិតផលមីជាតិ កាន់តែមានទំនុកចិត្ត ទៅលើផលិតផល គុណភាព អនាម័យ និងសេវាកម្ម របស់ក្រុមហ៊ុន ដែលមានគុណភាពខ្ពស់ និងសុវត្ថិភាព នេះជាជោគជ័យ និងជាមោទនភាពថ្មីមួយទៀត សម្រាប់ផលិតផលមីជាតិ ។

លោកជំទាវ ជឹង សុគន្ធាវី, អគ្គនាយិកា ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន បានប្តេជ្ញាចិត្តជាមួយនឹងមហិ្ចតា នៃការបំពេញអោយបានតាមទស្សនវិស័យ ក្នុងការផ្តល់ជូននូវមីឆ្អិនស្រាប់គុណភាពខ្ពស់ សម្រាប់សង្គមជាតិកម្ពុជា ព្រមជាមួយបេសកម្ម ក្នុងការក្លាយទៅជាក្រុមហ៊ុនជាតិដែលត្រូវបានកោតសរសើរជាងគេ ក្នុងវិស័យផលិតចំណីអាហារ និងអនុលោមតាមបទដ្ឋានស្តង់ដារអន្តរជាតិ។ ក្រុមហ៊ុនមីជាតិដែលទើបតែចាប់ផ្តើមដំណើរការថ្មីៗនៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់យ៉ាងក្រៃលែងរហូតទទួលបានការវាយតម្លៃជាប់ជាផ្លូវការជាមួយវិញ្ញាបនបត្របញ្ជាក់ GHP, HACCP និង ISO 9001:2015 ពីស្ថាប័ន SGS និង UKAS ដែលជាស្ថាប័នទទួលខុសត្រូវក្នុងការវាយតម្លៃសង្វាក់ផលិតកម្មចំណីអាហារស្របទៅតាមស្តង់ដារអនាម័យពិភពលោក។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ តាមរយៈការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ផ្ចិតផ្ចង់ សម្រិតសម្រាំង ព្រមជាមួយការផលិត ដោយប្រើប្រាស់ម៉ាស៊ីនជប៉ុន បច្ចេកវិទ្យាជប៉ុន ដើម្បីផ្តល់នូវផលិតផលគុណភាខ្ពស់ អនាម័យ ជាមួយរសជាតិខ្មែរពិតៗ។ មីជាតិ ត្រូវបានផលិតដោយមានរសជាតិបីជម្រើស គឺមីជាតិខគោ មីជាតិសាច់ជ្រូកចិញ្រ្ចាំ និងមីជាតិស៊ុបមាន់ ដែលរសជាតិទាំងបីនេះ ត្រូវបានឆ្លងកាត់ការពិសោធស្រាវជ្រាវយ៉ាងហ្មត់ចត់បំផុត ដើម្បីឲ្យសមស្របទៅតាមបែបបទរសជាតិខ្មែរ និងការពេញនិយមរបស់ប្រជាជនខ្មែរ៕