មី​ជាតិ​ប្រកាស​ជ័យ​លា​ភី​ប្រកួតប្រជែង​ផលិត​វី​ដ​អូ​ “តោះ!​ធ្វើល្អ​”

“​ការ​ជួយគ្នា​ក្នុង​គ្រាអាសន្ន​ ​គឺ​បង្ហាញ​អំពី​ទឹកចិត្ត​ថ្លៃថ្លា​ ​ដែល​មនុស្ស​រាល់គ្នា​ត្រូវ​ប្រកាន់​ភ្ជាប់​។​” ​នេះ​ ​ជា​ខ្លឹមសារ​នៃ​វីដេអូ​ជ័យ​លា​ភី​មួយ​ក្នុងចំណោម​វីដេអូ​ជ័យ​លា​ភី​ទាំង​៣​នៃ​កម្មវិធី​ប្រកួតប្រជែង​ផលិត​វី​ដ​អូ​ “តោះ!​ធ្វើល្អ​” ​ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​មី​ជាតិ​។​

​ថ្មីៗ​នេះ​ ​ក្រុមហ៊ុន​មី​ជាតិ​ ​បាន​ប្រកាស​លទ្ធផល​ម្ចាស់​ជ័យ​លា​ភី​នៃ​កម្មវិធី​ប្រកួតប្រជែង​ផលិត​វី​ដ​អូ​ “តោះ!​ធ្វើល្អ​” ​ធ្វើឡើង​នៅ​រោងចក្រ​មី​ជាតិ​ ​ក្រោម​ការចូលរួម​ពី​ថ្នាក់​ដឹកនាំ​នៃ​ក្រុមហ៊ុន​ ​គណៈកម្មការ​វាយ​តម្លៃ​ ​និង​ក្រុម​យុវជន​ដែល​បាន​ចូលរួម​ក្នុង​ការប្រកួតប្រជែង​។​

​ក្នុង​កម្មវិធី​ប្រកាស​ជ័យ​លា​ភី​ ​លោក​ ​ហុង​ ​សុវណ្ណ​ ​ប្រធាន​ផ្នែក​ទី​ផ្សារ​នៃ​ក្រុមហ៊ុន​មី​ជាតិ​ ​បាន​មានប្រសាសន៍ថា​ ​កម្មវិធី​ប្រកួតប្រជែង​ “តោះ!​ធ្វើល្អ​” ​បាន​ប្រព្រឹត្តទៅ​ក្រោម​ប្រធាន​បទ​៖​ “​ចូលរួម​លើក​ក​ម្ពស់​ក្រម​សីលធម៌​សង្គម​ឲ្យ​កាន់តែ​ប្រសើរ​” ​ជា​កម្មវិធី​ប្រកួតប្រជែង​ផលិត​វី​ដ​អូ​ខ្លី​ ​ដែល​បាន​បង្កើត​ឡើង​នៅដើម​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​ក្នុង​គោលបំណង​ជំរុញ​ ​និង​ចូលរួម​លើក​ក​ម្ពស់​សីលធម៌​សង្គម​តាមរយៈ​ ​ការ​ផលិត​ ​និង​ផ្សព្វផ្សាយ​វីដេអូ​ខ្លី​។​

​ការប្រកួតប្រជែង​នេះ​ ​ទទួល​បានការ​គាំទ្រ​ច្រើន​ ​និង​បាន​ចូលរួម​ពីសំណាក់​ប្អូន​ៗ​យុវជន​ ​ដែល​មាន​ឆ​ន្ទះ ​ចូលរួម​ក្នុង​ការ​រក្សា​ ​និង​លើក​ក​ម្ពស់​សីលធម៌​សង្គម​ ​ឲ្យ​កាន់តែ​ប្រសើរ​។​ ​ជាក់ស្តែង​ ​មាន​វីដេអូ​ចំនួន​ ​៤​៤​ ​បាន​ចូលរួម​ប្រកួត​ ​និង​ឆ្លងកាត់​ការ​វាយ​តម្លៃ​។​ ​ វីដេអូ​ដែល​ល្អ​​​ជាងគេ​ចំនួន​ ​១​០​ ​ត្រូវ​បាន​ជ្រើសរើស​ពី​ក្នុង​វគ្គ​ជំរុះ​ជុំ​ទី​១​ ​និង​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​មី​ជាតិ​ (​h​t​t​p​s://​w​w​w​.​face​book​.​co​m​/​me​e​c​hie​t​.​co​m​.k​h​/) ​ក្នុង​ចេតនា​ដាក់​ពិន្ទុ​ ​និង​ប​ញ្រ្ជៀ​ប​ខ្លឹមសារ​វីដេអូ​ទាំងនោះ​ ​ទៅ​ ​កាន់​ ​សាធារណៈ​ជន​ ​តាមរយៈ​ការ​ឆ្លុះបញ្ចាំង​ ​និង​ជំរុញ​ការប្រព្រឹត្ត​ល្អ​ក្នុង​សង្គម​។​

​វីដេអូ​ទាំងអស់​ ​ដែល​បាន​ចូលរួម​ការប្រកួតប្រជែង​សុទ្ធ​សឹង​ជា​វីដេអូ​មានគុណ​ភាព​ ​និង​បាន​បង្កប់​នូវ​ខ្លឹមសារ​ល្អជា​សារ​អប់រំ​ ​ដូចជា​ ​ការ​ជួយគ្នា​ ​ការយល់​អធ្យាស្រ័យ​គ្នា​ ​ការ​លើកទឹកចិត្ត​ ​ការគោរព​គ្នា​ ​ការ​ឲ្យ​តម្លៃ​គ្នា​ ​ការ​ស្រលាញ់​រាប​អាន​គ្នា​ជាដើម​។​ ​លោក​ ​ហុង​ ​សុវណ្ណ​ ​បាន​បន្ថែម​ដូច​ច្នេះ​។​

​លោក​ ​ឡាវ​ ​វ៉ាន់​ ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​មី​ជាតិ​ ​បាន​មានប្រសាសន៍ថា​ ​ការប្រតិបត្តិ​សីលធម៌​សង្គម​ ​គឺជា​កត្តា​សំខាន់​ដើម្បី​ចូលរួម​ធ្វើឲ្យស​ង្គ​ម​រស់នៅ​ដោយ​ក្តី​រីករាយ​។​ ​ការចូលរួម​លើក​ក​ម្ពស់​សីលធម៌​សង្គម​ ​ជា​កាតព្វកិច្ច​របស់យើង​ម្នាក់ៗ​ ​ដែល​ត្រូវ​បំពេញ​រាល់ថ្ងៃ​។​ ​គ្រប់​ទង្វើ​ល្អ​ ​ទោះ​ជា​សកម្មភាព​តូច​ឬ​ធំ​គឺ​សុទ្ធតែ​មានគុណ​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​។​ ​មានតែ​ ​ការ​រួមគ្នា​បង្កើត​ ​អនុវត្ត​ ​និង​កែលំអ​រ​ជាប្រចាំ​ ​ទើប​សង្គម​មាន​ការរស់នៅ​ប្រកបដោយ​ភាព​ក្សេមក្សាន្ត​ទាំងអស់គ្នា​។​

​មី​ជាតិ​ក្នុងនាម​ ​ជា​ក្រុមហ៊ុន​ឯកជន​ខ្មែរ​មួយ​ ​តែងតែ​រីករាយ​បង្កើត​ ​និង​គាំទ្រ​រាល់​សកម្មភាព​ដែល​ផ្តល់​ប្រយោជន៍​ដល់​សង្គម​ ​និង​ប្រជាជន​ខ្មែរ​។​ ​មី​ជាតិ​ ​សង្ឃឹម​ថា​ ​ទង្វើ​ល្អ​ ​សុជីវធម៌​ ​និង​សីលធម៌​សង្គម​ ​នឹង​បន្ត​រីក​សាយភាយ​ពេញ​ក្នុង​សង្គម​ជា​និរន្ត​។​ ​លោក​ ​ឡាវ​ ​វ៉ាន់​ ​បាន​បន្ថែម​ដូច្នេះ​។​

​ចំពោះ​ជ័យ​លា​ភី​នៃ​កម្មវិធី​ប្រកួតប្រជែង​ផលិត​វី​ដ​អូ​ “តោះ!​ធ្វើល្អ​” ​គឺ​លេខ​១​ ​បាន​ទៅលើ​ក្រុម​ផលិតករ​នៃ​វីដេអូ​ “​ទឹកចិត្ត​” ​មកពី​ខេត្ត​សៀមរាប​ ​ដែល​ទទួល​បាន​ទឹកប្រាក់​ ​៤​លាន​រៀល​។​ ​លេខ​២​ ​គឺ​បាន​ទៅលើ​ក្រុម​ផលិតករ​នៃ​វីដេអូ​ “​មុន​ចោលសំរាម​លើ​ដី​ ​គិត​ពី​ស្ត្រី​ម្នាក់​នេះ​ផង​” ​មកពី​រាជធានី​ភ្នំពេញ​ ​ទទួល​បាន​ទឹកប្រាក់​ ​២​លាន​រៀល​។​ ​លេខ​៣​ ​គឺ​បាន​ទៅលើ​ក្រុម​ផលិតករ​នៃ​វីដេអូ​ “​មី​ឆា​ដែល​ឆ្ងាញ់​ជាងគេ​” ​មកពី​ខេត្ត​សៀមរាប​ ​ទទួល​បាន​ទឹកប្រាក់​ ​១​លាន​២​សែន​រៀល​។​ ​សម្រាប់​វីដេអូ​ទាំង​៧​ ​ដែល​ឆ្លងកាត់​វគ្គ​ជម្រុះ​ចុងក្រោយ​ ​មួយ​ក្រុម​ៗ​បាន​ទទួល​នូវ​ទឹកប្រាក់​ ​៤​សែន​រៀល​ ​និង​ផលិតផល​មី​ជាតិ​ពី​ក្រុមហ៊ុន​ផង​ដែរ​៕