កម្មវិធី​យុទ្ធនា​ការ​ផ្សព្វផ្សាយ​ផលិតផល “មីជាតិ”

យុទ្ធនាការ​ផ្សព្វផ្សាយ​ផលិតផល​ “មី​ជាតិ​” បាន​កំពុង​ផ្សព្វផ្សាយ​ជាច្រើន​តាមរយៈ​ស្តង់​តាំង​បង្ហាញ​នៅ​តាម​ទី​សាធារណៈ​ ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ កាសែត​ វិទ្យុ​ ទូរទស្សន៍​ អ៊ី​នធឺ​ណេត​ និង​បណ្តាញ​សង្គម​ជាច្រើន​ទៀត​ ដែល​មាន​រូបភាព​ជា​ការ​ភ្លក្ស​ឬលក់​ ខ្លះ​ជា​អត្ថបទ​ព័ត៌មាន​ ខ្លះ​ជា​រូបភាព​តាំង​បង្ហាញ​ និង​ខ្លះ​ជា​វីដេអូ​ផ្សព្វផ្សាយ​។ នា​ពេល​បច្ចុប្បន្ន​ សន្ទុះ​នៃ​ការ​គាំទ្រ​ចំពោះ​ផលិតផល​មី​ជាតិ​កាន់តែ​កើតឡើង​ជាបន្តបន្ទាប់​។

ដើម្បី​ជំរុញ​ទៅដល់​ការ​ផ្សព្វផ្សាយ​ និង​បញ្ជ្រាប​ព័ត៌មាន​អំពី​ផលិតផល​ដ៏​ថ្មី​ និង​មានគុណ​ភាព​មួយ​នេះ​ឲ្យ​កាន់តែ​ទូលំទូលាយ​ ក្រុមហ៊ុន​ ONE​ MORE​ MANUFACTURING​ CO​., LTD​. ដែល​ជា​ក្រុមហ៊ុន​ផលិត​“មី​ជាតិ​” បាន​រៀបចំ​កម្មវិធី​ប្រកាស​យុទ្ធនាការ​ផ្សព្វផ្សាយ​ថ្មី​មួយទៀត​ ដើម្បីឲ្យ​ប្រជាជន​បាន​ស្គាល់​ និង​មានឱកាស​ភ្លក្ស​ដោយ​ផ្ទាល់​នូវ​ផលិតផល​ដែល​មានគុណ​ភាព​រសជាតិ​បែប​ខ្មែរ​មួយ​នេះ​។

យុទ្ធនាការ​នេះ​ ត្រូវ​បាន​ចាប់ផ្តើម​ប្រកាស​នៅក្នុង​បរិវេណ​កោះ​ពេជ្រ​ នា​ព្រឹក​ថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ វេលា​ម៉ោង​ ៧.៣០នាទី​ ដែល​មាន​លោកជំទាវ​ ជឹង​ សុ​គន្ធា​វី​ នាយិកា​ក្រុមហ៊ុន​ ONE​ MORE​ MANUFACTURING​ CO​., LTD​. ជា​គណៈអធិបតី​ និង​មានការ​ចូលរួម​ពីសំណាក់​ភ្ញៀវ​កិត្តិយស​ គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​ ក្រុមការងារ​ និង​ប្រជាជនទូទៅ​ជាច្រើន​នាក់​។

នៅក្នុង​កម្មវិធី​ប្រកាស​យុទ្ធនាការ​ផ្សព្វផ្សាយ​ថ្មីនេះ​ លោកជំទាវ​ ជឹង​ សុ​គន្ធា​វី​ នាយិកា​ក្រុមហ៊ុន​ ONE​ MORE​ MANUFACTURING​ CO​., LTD​. ដែល​ជា​ក្រុមហ៊ុន​ផលិត​មី​ជាតិ​បាន​មានប្រសាសន៍​ថា​ “មី​ជាតិ​ជា​សម្មិ​ទិ​ផល​ថ្មី​ ដែល​ប្រជាជន​ភាគច្រើន​ អាច​នឹង​មិនទាន់​បាន​ស្គាល់​នៅ​លើ​ទីផ្សារ​កម្ពុជា​នៅឡើយ​។ នេះ​ជា​បញ្ហា​ចម្បង​មួយ​ដែល​ក្រុមហ៊ុន​ បាន​ព្យាករណ៍​រួចមក​ហើយ​ និង​បាន​បង្កើត​នូវ​កម្មវិធី​ជាច្រើន​ដើម្បី​ផ្សព្វផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ​ខ្មែរ​អំពី​ផលិតផល​មី​ជាតិនេះ​។”

លោកជំទាវ​នាយិកា​ក្រុមហ៊ុន​បាន​បន្ត​ទៀត​ថា​ “យុទ្ធនាការ​ផ្សព្វផ្សាយ​មី​ជាតិ​នៅ​ថ្ងៃនេះ​ ជា​កម្មវិធី​មួយ​ដែល​យើង​រំពឹង​ទុក​ថា​ នឹង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ​បាន​ស្គាល់​ និង​ភ្លក្ស​នូវ​រសជាតិ​នៃ​ស្នាដៃ​ខ្មែរ​មួយ​នេះ​។”

យុទ្ធនាការ​ថ្មីនេះ​ ត្រូវ​ធ្វើឡើង​តាមរយៈ​ការ​ជិះកង់​ និង​តុក​តុក​ដើម្បី​ចែកចាយ​មី​ជាតិ​ដោយ​ឥតគិតថ្លៃ​នៅ​តាម​ផ្សារ​ សាលារៀន​ និង​ទី​សាធារណៈ​ឬទីប្រជុំជន​ដែល​មាន​ទីធ្លា​ទូលាយ​នៅ​តាម​បណ្តោយ​ដង​ផ្លូ​វធំៗ​ទូទាំង​ខណ្ឌ​ទាំង១២ក្នុង​រាជធានី​ភ្នំពេញ​។ ក្នុង​នោះ​ ក្រុមហ៊ុន​បាន​រៀបចំ​មី​ជាតិ​ជាច្រើន​កេស​ កង់​ចំនួន៦០​ និង​តុក​តុក​ចំនួន៣០​ ដែល​ចែកចេញជា៦ក្រុម​ និង​មាន​បិត​ស្លាក​សញ្ញា​មី​ជាតិ​ជា​សម្គាស់​ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ក្នុងរយៈពេល​ពីរ​សប្តាហ៍​ គិត​ចាប់ពី​ថ្ងៃទី២១ខែវិច្ឆិកា​ ដល់​ថ្ងៃទី០៣​ ខែធ្នូ​ ឆ្នាំ២០១៩​ ទៅតាម​កាលវិភាគ​កំណត់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាលពី​ថ្ងៃទី០២​ ខែវិច្ឆិកា​ ឆ្នាំ២០១៩កន្លងមក​ រោងចក្រ​ផលិតផល​មួយ​នេះ​ ក៏បាន​ធ្វើ​កា​រស​ម្ភា​ធក្រោម​ស្លាក​សញ្ញា​ “មី​ជាតិ​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​អគ្គបណ្ឌិត​ សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​មានការ​ចូលរួម​ពីសំណាក់​ភ្ញៀវ​កិត្តិយស​ និង​ប្រជាពលរដ្ឋ​ជាច្រើន​ ដែល​បាន​ប្រព្រឹត្តទៅ​នៅក្នុង​ភូមិ​ត្រពាំង​ពោធិ​ សង្កាត់​គោ​ករ​ការ​ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជ​ធានី​ភ្នំពេញ​។

ក្រោម​ពាក្យស្លោក​ថា​ “មី​ជាតិ​ ស្នាដៃ​ខ្មែរ​ រសជាតិ​ខ្មែរ​” មី​ជាតិ​ ត្រូវ​បាន​ផលិត​ដោយមាន​រសជាតិ​បី​ជម្រើស​ គឺ​រសជាតិ​ខគោ​ រសជាតិ​សាច់​ជ្រូក​ចិញ្រ្ចាំ​ និង​រសជាតិ​ស៊ុប​មាន់​ ដែល​រសជាតិ​ទាំង​បី​នេះ​ ត្រូវ​បាន​ឆ្លងកាត់​ការ​ពិសោធ​ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់​បំផុត​ ដើម្បីឲ្យ​សមស្រប​ទៅតាម​បែបបទ​រសជាតិ​ខ្មែរ​ និង​ការ​ពេញនិយម​របស់​ប្រជាជន​ខ្មែរ​។ ការ​រួមផ្សំ​ជាមួយ​ម៉ាស៊ីន​ជប៉ុន​ បច្ចេកវិទ្យា​ជប៉ុន​ ព្រមទាំង​វត្ថុធាតុដើម​ និង​គ្រឿងផ្សំ​ក្នុង​ស្រុក​និង​បរទេស​ គឺជា​គុណ​តម្លៃ​ ដែល​ក្រុមហ៊ុន​ផលិត​មី​ជាតិ​ បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​ហ្មត់ចត់​ដើម្បី​ធានា​នូវ​គុណភាព​ អត្ថ​ប្រយោជន៍​ និង​រសជាតិ​ដើម្បី​ខ្មែរ​។

ជាចុងក្រោយ​ លោកជំទាវ​នាយិកា​ក្រុមហ៊ុន​ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​ទាំងអស់​ ​ចូលរួម​គាំទ្រ​ ​ផលិតផល​ស្នាដៃ​ខ្មែរ​ ដើម្បី​ចូលរួម​ចំណែក​លើកកម្ពស់​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ ក៏ដូចជា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​។ ដូច្នេះ​ ដើម្បី​ការ​រីកចម្រើន​របស់​ខ្មែរ​ ដើម្បី​កូនចៅ​ជំនាន់​ក្រោយ​របស់​ខ្មែរ​ និង​ដើម្បី​មោទនភាព​កិត្តិយស​របស់​ខ្មែរ​ យើង​ជា​កូនខ្មែរ​ត្រូវ​គាំទ្រ​ និង​រួមគ្នា​ជួយ​លើកកម្ពស់​ផលិតផល​ខ្មែរ​នៅ​លើ​ទីផ្សារ​។ ​យើង​រួមគ្នា​ដើម្បី​វឌ្ឍនភាព​របស់​កម្ពុជា​៕