ពិធីសម្ពោធ​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ផលិត “មីជាតិ”

នា​ព្រឹក​ថ្ងៃទី០២​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ក្រុមហ៊ុន​ One​ More​ Manufacturing​ Co​. Ltd​ បាន​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវ​ការ​រោង​ចក្រ​ផលិត​មី​ដ៏​ទំនើប​ និង​ដំបូង​គេ​ រួមផ្សំ​នឹង​គុណភាព​ខ្ពស់​ក្នុង​ប្រទេស​កម្ពុជា​ ក្រោម​ស្លាក​សញ្ញា​ “មី​ជាតិ​” ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ ឯកឧត្តម​អគ្គបណ្ឌិត​ សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។

ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​រោង​ចក្រ​ផលិត​“មី​ជាតិ​” ត្រូវ​បាន​ធ្វើឡើង​ក្រោម​រូបភាព​ដើម្បី​សាទរ​ និង​បង្ហាញ​ទៅដល់​សាធារណជន​អំពី​សមិទ្ធិ​ផល​ថ្មី​មានគុណ​ភាព​របស់​កម្ពុជា​លើ​ផ្នែក​ផលិត​ចំណីអាហារ​ ក្រោម​ស្លាក​សញ្ញា​“មី​ជាតិ​”។ មី​ជាតិ​ ត្រូវ​បាន​ផលិត​ដោយ​ស្នាដៃ​ខ្មែរ​ រក្សា​នូវ​បែបផែន​រសជាតិ​ខ្មែរ​ ជាមួយនឹង​គុណភាព​ខ្ពស់​ប្រើ​ប្រា​ស់​ម៉ាស៊ីន​ជប៉ុន​ បច្ចេកវិទ្យា​ជប៉ុន​ ​និង​រួម​ជាមួយ​គ្រឿងផ្សំ​ក្នុង​ស្រុក​ និង​បរទេស​ដែល​មានគុណ​ភាព​ ដូចជា​ប្រទេស​អូស្រ្តាលី​ សឹង​ហ្គា​ពួរ​ និង​ម៉ា​ឡេ​ស៊ី​។

នៅក្នុង​ពិធី​នេះ​ លោកជំទាវ​ ជឹង​ សុ​គន្ធា​វី​ នាយិកា​ក្រុមហ៊ុន​ One​ More​ Manufacturing​ Co​. Ltd​ បាន​គូសបញ្ជាក់​ថា​ នេះ​ជា​ក្តី​រីករាយ​ជា​ខ្លាំង​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទុកចិត្ត​ និង​គាំទ្រ​លើ​ដំណើរការ​នៃ​រោងចក្រ​ផលិត​ “មី​ជាតិ​” នេះ​ឡើង​ ហើយ​នេះ​បាន​ផ្តល់​ក្តី​សង្ឃឹម​មួយ​ដ៏​មុតមាំ​ចំពោះ​លោកជំទាវ​ ជា​អ្នក​វិនិយោគ​ទុក​ម្នាក់​ជាមួយនឹង​ក្រុមការងារ​ក្នុង​ការ​ប្រឹងប្រែង​ធ្វើឲ្យ​ដំណើរការ​នៃ​រោងចក្រ​នេះ​ឆ្ពោះទៅ​មុខ​ឥត​ឈប់ឈរ​។

មី​ជាតិ​ ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​តម្រូវការ​ និង​ការ​ពេញនិយម​របស់​ប្រជាជន​ខ្មែរក្រោម​ការស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់​ ផ្ចិតផ្ចង់​ និង​សម្រិ​តសម្រាំង​បំផុត​ ដើម្បី​ផ្តល់​នូវ​ផលិត​ផល​មាន​គុណភាព​ខ្ពស់​ អត្ថ​ប្រយោជន៍​ និង​រសជាតិ​បែប​ខ្មែរ​។ វត្តមាន​នៃ​សមិទ្ធិ​ផល​ថ្មីនេះ​លើ​ទីផ្សារ​ គឺជា​មោទនភាព​ថ្មី​របស់​កម្ពុជា​ក៏ដូចជា​ប្រជាជន​ខ្មែរ​។ យើង​ជឿជាក់​ថា​ ក្នុងទឹក​ចិត្ត​ខ្មែរ​តែមួយ​ ខ្មែរ​ជួយ​ខ្មែរ​ និង​ខ្មែរ​ស្រលាញ់​ខ្មែរ​ ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​នឹង​ទទួលស្គាល់​ ហើយ​គាំទ្រ​នូវ​សមិទ្ធិ​ផល​ថ្មីនេះ​ ដែល​មាន​ស្លាក​សញ្ញា​ “មី​ជាតិ​” តំណាង​ឲ្យ​ផលិតផល​ជាតិ​ និង​ប្រជាជន​ខ្មែរ​។ នេះ​ជា​ប្រសាសន៍​លោកជំទាវ​ ជឹង​ សុ​គន្ធា​វី​។

ក្នុង​ពិធី​នេះ​ផង​ដែរ​ ឯកឧត្តម​ ឃួន​ ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ចេញ​ទស្សនៈ​អបអរសាទរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន​ One​ More​ Manufacturing​ Co​. Ltd​ ដែល​បាន​វិនិយោគ​លើ​រោងចក្រ​ផលិត​ “មី​ជាតិ​”នៅ​កម្ពុជា​ ដែល​នេះ​ពិតជា​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​ភាព​ជោគជ័យ​ថ្មី​មួយទៀត​នៃ​ការអនុវត្ត​កម្មវិធី​នយោបាយ​ និង​យុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៤របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ខិតខំ​ទាក់ទាញ​អ្នក​វិនិយោគ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​។ ក្នុង​នោះ​ ឯកឧត្តម​ ក៏បាន​ជូនពរ​ដល់​សង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន​ One​ More​ Manufacturing​ Co​. Ltd​ ប្រព្រឹត្តទៅ​ដោយ​រលូន​ ​ជោគជ័យ​ និង​ទទួល​បា​នការរ​ពេញនិយម​ចូលចិត្ត​បរិភោគ​ពីសំណាក់​អតិថិជន​គ្រប់​មជ្ឈដ្ឋាន​ ដើម្បី​ ឈាន​ទៅ​រក​ការ​ពង្រឹង​អជីវ​កម្ម​ថ្មី​ៗរបស់​ខ្លួន​បន្ថែម​ទៀត​នៅក្នុង​វិស័យ​នេះ​ ក៏ដូចជា​វិស័យ​ដទៃទៀត​។

នៅក្នុង​ឱកាស​នេះ​ ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​សម្តែង​ការ​គាំទ្រ​ទៅលើ​ការបង្កើត​ និង​សម្ភោ​ធដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ផលិត​ “មី​ជាតិ​ ”នេះ​ឡើង​។ ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ ឧបនាយក​រដ្ឋមន្ត្រី​ បាន​មានប្រសាសន៍​ថា​ កិច្ច​ដំណើរការ​នៃ​រោងចក្រ​មី​ក្នុង​ស្រុក​ដ៏​ធំ​ និង​ទំនើប​នេះ​ ក៏បាន​បង្ហាញ​ពី​ការ​រួមចំណែក​មួយ​ថ្មីទៀត​ពី​វិស័យ​ឯកជន​កក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​ ជាពិសេស​ការ​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ច​ ក៏ដូចជា​ការបង្កើត​ឱកាស​ការងារ​ និង​បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាជន​កម្ពុជា​ ដែល​នេះ​ បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​ជីវភាពរស់នៅ​របស់​ប្រជាជន​យើង​។

ទាក់​ទង់​នឹង​គោលបំណង​នៃ​ការ​បង្កើត​រោងចក្រ​មីនេះ​ឡើង​ លោកជំទាវ​នាយិកា​បាន​បន្ថែម​ថា​ ការបង្កើត​រោងចក្រ​ ផលិត​មីនេះ​ឡើង​ បាន​ភ្ជាប់​នូវ​គោលបំណង​ចម្បង៣​ គឺ​ទី១​ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​ផលិត​ចំណីអាហារ​ក្នុង​ស្រុក​អោយ​មាន​ភាព​ជឿនលឿន​ មិនចាញ់​ប្រទេសជិតខាង​។ ពោល​គឺ​ សំដៅ​កាត់បន្ថយ​ការពឹងផ្អែក​ទៅលើ​ការនាំចូល​ផលិតផល​ពី​បរទេស​។ ទី២​ គឺ​ដើម្បី​ផ្គត់ផ្គង់​បំពេញ​តម្រូវការ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​ផលិត​ចំណីអាហារ​នៅក្នុង​ស្រុក ដែល​ប្រកបដោយ​អនា​ម័យ​ សុវត្ថិភាព​ និង​ស្តង់​ដា​សមស្រប​។ និង​ទី៣​ គឺ​ ដើម្បី​ចូលរួម​បង្កើត​ឱកាស​ការ​ងា​រថ្មីៗ​បន្ថែម​ទៀត​ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្របតាម​គោលការណ៍​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​របស់​រាជរដ្ឋាភិបាល​កម្ពុ​ជា​។

​ក្រោម​ពាក្យស្លោក​ថា​ “មី​ជាតិ​ ស្នាដៃ​ខ្មែរ​ រស​ជាតិខ្មែរ​” មី​ជាតិ​ ត្រូវ​បាន​ផលិត​ដោយមាន​រសជាតិ​បី​ជម្រើស​ គឺ​រសជាតិ​ខគោ​ រសជាតិ​សាច់​ជ្រូក​ចិញ្រ្ចាំ​ និង​រសជាតិ​ស៊ុប​មាន់​ ដែល​រសជាតិ​ទាំង​បី​នេះ​ ត្រូវ​បាន​ឆ្លងកាត់​ការ​ពិសោធ​ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់​បំផុត​ ដើម្បីឲ្យ​សមស្រប​ទៅតាម​បែបបទ​រសជាតិ​ខ្មែរ​ និង​ការ​ពេញនិយម​របស់​ប្រជាជន​ខ្មែរ​។ ការ​រួមផ្សំ​ជាមួយ​ម៉ាស៊ីន​ជប៉ុន​ បច្ចេកវិទ្យា​ជប៉ុន​ ម្សៅ​ពី​បរទេស​ និង​គ្រឿងផ្សំ​បែបផែន​ខ្មែរ​ គឺជា​គុណ​តម្លៃ​ ដែល​ក្រុមហ៊ុន​ផលិត​មី​ជាតិ​ បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​ហ្មត់ចត់​ដើម្បី​ធានា​នូវ​គុណភាព​ អត្ថ​ប្រយោជន៍​ និង​រសជាតិ​ដើម្បី​ខ្មែរ​។

​ចំពោះ​ផលិតផល​មី​ គេ​អាច​និយាយ​ថា​ ជា​អាហារ​ប្រចាំថ្ងៃ​មាន​ប្រជាប្រិយ​បន្ទាប់ពី​ការ​បរិភោគ​បាយ​ និង​ចំណាយ​វេលា​តិច​ក្នុង​ការ​ចំអិន​ ដែល​សមស្រប​ចំពោះ​អ្នក​ដែល​មាន​ពេលវេលា​តិច​ និង​មិន​មាន​ពេល​គ្រប់​គ្រាន់​ក្នុង​ការ​ចំអិន​។ ផលិតផល​មួយ​នេះ​ ពិតជា​សមស្រប​ចំពោះ​ប្រជាជនទូទៅ​គ្រប់​កម្រិត​ ទាំង​ជីវភាព​ទាប​ មធ្យម​ និង​ខ្ពស់​ ដែល​អាច​បរិភោគ​សឹង​គ្រប់ពេលវេលា​ មិនថា​ព្រឹក​ ថ្ងៃ​ ល្ងាច​ ឬយប់​។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ លោកជំទាវ​ ជឹង​ សុ​គន្ធា​វី​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​ទាំងអស់​ ចូលរួម​គាំទ្រ​ផលិតផល​ស្នាដៃ​ខ្មែរ​ ដើម្បី​ចូលរួម​ចំ​ណែ​កលើកកម្ពស់​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ ក៏ដូចជា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​។ លោកជំទាវ​នាយិកា​បាន​ផ្តាំផ្ញើ​ថា​ គ្មាន​អ្នកណា​ គាំទ្រ​ផលិតផល​ខ្មែរ​ក្រៅពី​ខ្មែរ​នោះ​ទេ​។ ដូច្នេះ​ ដើម្បី​ការ​រីកចម្រើន​របស់​ខ្មែរ​ ដើម្បី​កូនចៅ​ជំនាន់​ក្រោយ​របស់​ខ្មែរ​ និង​ដើម្បី​មោទនភាព​កិត្តិយស​របស់​ខ្មែរ​ យើង​ជា​កូនខ្មែរ​ត្រូវ​គាំទ្រ​ និង​រួមគ្នា​ជួយ​លើកកម្ពស់​ផលិតផល​ខ្មែរ​នៅ​លើ​ទីផ្សារ​។ យើង​រួមគ្នា​ដើម្បី​វឌ្ឍនភាព​របស់​កម្ពុជា​។

ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ ឧបនាយក​រដ្ឋមន្ត្រី​ បាន​ជឿជាក់​ថា​ ផលិតផល​ “មី​ជាតិ​” ថ្មីនេះ​ ពិតជា​ទទួល​បានការ​គាំទ្រ​ពី​ប្រជាជន​កម្ពុជា​ ពីព្រោះ​ដូច​អ្វី​ដែល​លោកជំទាវ​អគ្គ​នាយិកា​រក្រុ​មហ៊ុ​នបាន​គូស​បញ្ចាក់​ស្រាប់​ថា​ មី​ជាតិ​ត្រូវ​បាន​ផលិត​ឡើង​ប្រកបដោយ​ស្តង់​ដា​អន្តរជាតិ​ខ្ពស់​ ពោល​គឺ​គុណភាព​ត្រូវ​បាន​ឆ្លងកាត់​ការសិក្សា​ស្រាវជ្រាវ​យ៉ាង​ល្អិត​ល្អិន​ ហើយ​រោងចក្រ​បំពាក់​ដោយ​ម៉ាស៊ីន​ និង​បច្ចេកវិទ្យា​ទំនើប​របស់​ជប៉ុន​។ ចំណែក​ឯរសជាតិ​ទៀតសោត​ ក៏​ធ្វើឡើង​ដើម្បី​តម្រូវ​ចំណង់​ចំណូលចិត្ត​របស់​ប្រជាជន​កម្ពុជា​ ដូច​ទៅ​នឹង​ពាក្យស្លោក​របស់​មី​ជាតិ​ ដែល​ថា​ “ស្នាដៃ​ខ្មែរ​ រសជាតិ​ខ្មែរ​”។ ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ ឧបនាយក​រដ្ឋមន្ត្រី​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ បង្កើន​ការ​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ឲ្យបាន​ខ្លាំងក្លា​ ដើម្បី​លើកកម្ពស់​សហគ្រាស​ក្នុង​ស្រុក​របស់​យើង​។

ជា​ចុងបញ្ចប់​ ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ ឧបនាយក​រដ្ឋមន្ត្រី​ បាន​សំណូមពរ​ដល់​ក្រុមហ៊ុន​ឯកជន​ទាំងអស់​ សូមកុំ​ផ្តោត​តែ​លើ​ប្រាក់ចំណេញ​មួយ​មុខ​ ប៉ុន្តែ​ត្រូវ​ខិតខំ​ធ្វើការងារ​ សំដៅ​ធានា​ឲ្យ​ក្រុមហ៊ុន​មាន​អនុលោម​ភាពជា​មួយ​ក្រឹត្យក្រម​ និង​ស្តង់​ដា​បរិស្ថាន​ ការ​បង់ពន្ធ​ជូន​រដ្ឋ​ និង​ការទទួលខុសត្រូវ​ផ្នែក​សង្គម​ឲ្យបាន​ជាអតិបរិមា​ផង​ដែរ​។

បន្ទាប់ពី​ពិធី​កាត់ខ្សែបូ​ និង​ ពិធី​ចុះហត្ថលេខា​លើ​ក្រាំងមាស​ គណៈអធិបតី​ និង​ថ្នាក់ដឹកនាំ​បាន​ចូល​ទស្សនា​ក្នុង​រោងចក្រ​ផលិត​មី​ ដើម្បី​យល់ដឹង​ច្បាស់​ពី​សង្វាក់​ផលិតកម្ម​នៅក្នុង​រោងចក្រ​ និង​ទទួលស្គាល់​ពី​ដំណើរការ​ផលិត​មី​នៅក្នុង​រោងចក្រ​កម្ពុជា​។ គួរ​បញ្ចាក់​ដែរ​ថា​ ពិធី​សម្ភោ​ធនេះ​ មាន​ការ​ចូល​រួម​ពី​សំណាក់​សម្តេច​ព្រះ​សង្ឃ​នាយក​រង​ទី២​ ព្រះ​សង្ឃ​ ថ្នាក់ដឹកនាំ​ មន្ត្រី​រាជ​ការ​ ភ្ញៀវ​កិត្តិយស​ សាស្រ្តា​ចារ្យ​ សិស្ស​ និ​សិ្ស​ត អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​សរុប​ប្រមាណ១​៣០​០នាក់​ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​រោង​ចក្រ​ផលិត​“មី​ជាតិ​” ក្នុង​ភូមិ​ត្រពាំង​ពោធិ​ សង្កាត់​គោ​ករ​ការ​ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជ​ធានី​ភ្នំពេញ​៕