វីតាល់ និងមីជាតិ បន្តឧបត្ថម្ភធំសម្រាប់ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាននិងសុខភាពកុមារលើកទី៩ របស់មន្ទីរពេទ្យកុមារអង្គរ

ខេត្តសៀមរាប៖ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នាទឹកដីអង្គរ ខេត្តសៀមរាប ព្រឹត្តិការណ៍ជិះកង់រៃអង្គាសប្រាក់ដ៏ធំប្រចាំឆ្នាំរបស់​មន្ទីរពេទ្យកុមារអង្គរ ត្រូវបានរៀបចំឡើងដោយគណៈកម្មការជិះកង់ដើម្បីកម្ពុជា (CFC) និងដៃគូឧបត្ថម្ភធំ ពីសំណាកក្រុមហ៊ុនផលិតទឹកពិសាវីតាល់ និងមីជាតិ ដែលជាដៃគូសហការរៀបចំអស់រយៈពេល៣ឆ្នាំជាប់ៗគ្នា។ ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារលើកទី៩ ឆ្នាំនេះទទួលបានអ្នកចូលរួមប្រមាណជាង ១០០០ នាក់ ដែលអញ្ជើញមកពីគ្រប់មជ្ឈដ្ឋាន ជាមួយស្មារតីតែមួយដើម្បីបុព្វហេតុរួមគ្នាបន្តគាំទ្រដល់ប្រតិបត្តិការក្នុងការព្យាបាល និងថែទាំសុខភាព កុមារ-ទារក នៅមន្ទីរពេទ្យកុមារអង្គរ ។

លោក ជា ម៉េងគួង ប្រធានផ្នែករៀបចំកម្មវិធី និងព្រឹត្តិការណ៍សង្គម នៃក្រុមហ៊ុន វីតាល់​ និងមីជាតិ បានមានប្រសាសន៍ថា៖ “វីតាល់ និងមីជាតិ ពិតជាមានមោទនភាពដែលបានបន្តសហការរៀបចំ និងជាដៃគូឧបត្ថម្ភធំ សម្រាប់ព្រឹត្តិការណ៍ជិះកង់រៃអង្គាសប្រាក់ប្រចាំឆ្នាំរបស់មន្ទីរពេទ្យកុមារអង្គរ ដែលព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារលើកទី៩ នេះវីតាល់ មីជាតិ បានចូលរួមឧបត្ថម្ភជាសាច់ប្រាក់ចំនួន ២ម៉ឺនដុល្លា សម្រាប់បន្តគាំទ្រដល់បេសកម្ម និងប្រតិបត្តិប្រចាំថ្ងៃនៃមន្ទីរពេទ្យកុមារអង្គរ ។ លោកបានបន្តទៀតថា ទឹកប្រាក់ដែលបានធ្វើការបរិច្ចាគនេះ គឺជាការកាត់ប្រាក់ចំេណញរបស់ក្រុមហ៊ុន តាមរយៈមូលនិធិ២៥រៀលរបស់វីតាល់ និងមូលនិធិខ្មែរដើម្បីខ្មែររបស់មីជាតិ ដែលជាវិភាគទានរបស់អតិថិជន និងអ្នកគាំទ្រ ផលិតផលវីតាល់ និងមីជាតិ ដែលជានិច្ចកាល ក្រុមហ៊ុនតែងតបស្នងទៅសង្គមវិញជាការអរគុណចំពោះការជឿជាក់ និងប្រើប្រាស់ផលិតផលរបស់យើង។”

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា នាយកមន្ទីរពេទ្រកុមារអង្គរ បានមានប្រសាសន៍ថា ៖ “តាងនាមឱ្យមន្ទីរពេទ្រកុមារអង្គរ និងកុមារដែលបានសម្រាក និងព្យាបាលនៅមន្ទីរពេទ្យ សូមសម្តែងនូវការដឹងគុណនិងកោតសរសើរយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ពិសេសក្រុមហ៊ុនវីតាល់ និងមីជាតិ ដែលបានចូលរួមរៀបចំ និងឧបត្ថម្ភធំ សម្រាប់កម្មវិធីនេះចំនួន៣ឆ្នាំជាប់ៗគ្នា ហើយនេះសបញ្ជាក់ឱ្យឃើញពីការរួបរួមគ្នាជួយដល់ប្រជាជនកម្ពុជា ជាពិសេសការជួយលើកស្ទួយដល់សុខុមាលភាពកុមារកម្ពុជាឲ្យកាន់តែប្រសើរឡើង ព្រោះពួកគេគឺជាអនាគតដ៏រឹងមាំនៃប្រទេសកម្ពុជាយើង”។

វីតាល់ និង មីជាតិ ក៏សូមអំពាវនាវដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស បន្តចូលរួមគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈការបរិច្ចាគវិភាគទាន ដើម្បីចូលរួមបន្តនិរន្តរភាពនៃការសង្រ្គោះព្យាបាល ផ្តល់ក្តីអាណិតស្រឡាញ់ ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ ប្រកបដោយស្នាមញញឹម៕